ប្រាសាទបន្ទាយសំរ៉ែ
ប្រាសាទនេះស្ថិតនៅខាងកើតបារាយណ៍សោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចំងាយប្រហែល២គីឡូម៉ែត្រ ពីភូមិប្រដាក នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ ប្រាសាទបន្ទាយសំរ៉ែកសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មមញ្ញសាសនានិកាយព្រះនរាយណ៍ ។ យើងសូមលើកយកពាក្យបន្ទាយសំរ៉ែនេះមកពន្យល់ បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរ៉ែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជរដ្ឋ ដូច្នេះឈ្មោះដែល ហៅថាបន្ទាយសំរ៉ែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំ ពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបំរើដែលជាជនជាតិសំរ៉ែរស់នៅទីកន្លែងនេះ ។ ឈ្មោះបន្ទាយសំរ៉ែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ប្រដាក ដែលកាលដើមឡើយគឺមានជនជាតិសំរ៉ែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅប្រដាកនេះមានជីដូនជីតា ជាជនជាតិសំរ៉ែ ដែលគេយកមកអោយយាមប្រាសាទ ។ ជាពិសេសពួកសំរ៉ែនៅភ្នំក្រវាញបាននិយាយថាមានបងប្អូននៅអង្គរ ហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរ៉ែនេះ ។ ដូចច្នេះឈ្មោះនៃប្រាសាទសំរ៉ែនេះគឺទាក់ទង់នឹងប្រវត្តិសាស្រ្ត ពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ ៕
0 comments:
Post a Comment