ប្រាសាទអង្គរវត្ត
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចំបងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំនាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គ.ម ចំនែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។
- ប្រាសាទអង្គរវត្តស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេ
អំពីឈ្មោះប្រាសាទ
ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។
ប្រវត្តិ
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។
បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងអោយពិភពលោក។ ប្រាង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែននៅលើដី។ ពាក្យនេះជាកន្លែងសំរាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសំរាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោថបុរ ។) ហើយមួយចំនែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្ថម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំនែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។
ស្ថាបត្យកម្ម
ប្រាសាទអង្គរមានកំពស់ ៦៥ម៉ែត្រ មានក្រលាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកំពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។
ចំលាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចំលាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចំលាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចំលាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចំលាក់ទាំងនោះរួមមាន៖
- (១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
- (២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
- (៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
- (៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
- (៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
- (៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
- (៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
- (៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
- (៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និងពួកអសុរៈ ។
- (១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
- (១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
ឯកសារយោង
- សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភលើកទី ២ ឆ្នាំ ២០០៥ ដោយ កែវ ភួង
0 comments:
Post a Comment