ព្រះបាទយសោវរ្ម័នទី១
ព្រះបាទយសោវរ្ម័នទី១ជាស្ថាបនិកទី១កសាងរាជធានីនៅតំបន់អង្គរ។ នៅពេលព្រះបាទយសោវរ្ម័នទី១ឡើងគ្រងរាជ្យសម្បត្តិភ្លាម មានផ្ទុះសង្គ្រាមជាញឹកញាប់ទាំងក្នុង និងក្រៅប្រទេសប៉ុន្តែត្រូវបានព្រះអង្គធ្វើការបង្ក្រាបអោយបរាជ័យជាបន្តបន្ទាប់។ ក្រោយពីទទួលបានជ័យជំនះព្រះអង្គ បានធ្វើការកសាងប្រទេសជាតិ ពង្រីកទឹកដីអោយធំទូលាយ កសាងប្រាង្គប្រាសាទ និងរាជធានីនៅលើភ្នំបាខែងមុនគេបង្អស់នៅតំបន់អង្គរ។ កេរដំណែលរបស់ ព្រះអង្គមិនត្រឹម តែមានប្រយោជន៍សំរាប់ប្រជាពលរដ្ឋខ្មែរ នៅសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយជាមរតកដ៏មានតំលៃសំរាប់កូនចៅខ្មែរគ្រប់ជំនាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិទាំងផ្នែកវប្បធម៌ កសិកម្ម និងទេសចរណ៍។
យោងតាមឯកសារប្រវត្តិ និងសិលាចារិកនានាបានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ឡើងគ្រងរាជ្យសម្បត្តិនៅគស ៨៨៩ ដល់ ៩០០ នៅទីក្រុងហរិហល័យ បន្តពីព្រះបាទឥន្ទ្រវរ្ម័នទី១ជាព្រះ បិតា។ ព្រះអង្គជាក្សត្រមួយអង្គដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើចំបាំង ទាំងលើដី លើទឹក រៀបចំកសាងប្រទេសជាតិ និងទំនុកបំរុងសាសនាអោយមានការរីកចំរើនយ៉ាងខ្លាំង ដោយមានកសាងប្រាសាទ និងអាស្រមសំរាប់គោរពបូជាយ៉ាងសន្ធឹកសន្ធាប់។តាមឯកសារ ប្រវត្តិសាស្ត្រខ្មែររបស់លោក រស់ចន្រ្តាបុត្រ បានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ធ្លាប់ធ្វើសង្គ្រាមឈ្នះទាំងលើដីគោក ទាំងលើសមុទ្របំផ្លាញទូកសំពៅ សត្រូវអស់ជាច្រើនគ្រឿង ជាពិសេសព្រះអង្គច្បាំង តទល់នឹងនគរចម្ប៉ាដេញតាមវាយប្រហារទ័ពចាមចូលដល់ទីក្រុង ដោយចាប់ស្តេចចាមជាឈ្លើយ។បន្ទាប់មកព្រះអង្គលើទ័ពត្រលប់មកនគរវិញ តែត្រូវកងទ័ពចាម១២ក្រុម លើកកំលាំងពួនស្ទាក់ព្រះអង្គបានធ្វើការវាយប្រយុទ្ធកំទេច កងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយត្រលប់មកនគរវិញដោយសុវត្ថិភាព។ ក្នុងពេលវាយប្រយុទ្ធជាមួទ័ពចាម ប្រសិនបើគ្មានការធ្វើអន្តរាគមន៍និងការធ្វើពលិកម្មបូជាជីវិតរបស់មេទ័ពទេនោះ ប្រហែលព្រះអង្គត្រូវរងគ្រោះអស់ព្រះជន្មផងក៏មិនដឹង។
ព្រះបាទយសោវរ្ម័នទី១ នៅពេលធ្វើសង្រ្គាមទទួលបានជោគជ័យគ្រប់ទិសទី ហើយព្រះអង្គបាន អោយកសាងអាស្រមចំនួន១០០ នៅគ្រប់ទីកន្លែងដើម្បីគោរពបូជា ធ្វើការពង្រីកទឹកដី ជីកបារាយណ៍មួយឈ្មោះថា យសោធរតដាក ប្រវែង៧គីឡូម៉ែត្រ និងទទឹង ១,៨គីឡូម៉ែត្រដើម្បីយកទឹកទៅស្រោចស្រពការងារកសិកម្ម។ ព្រះបាទយសោវរ្ម័នទី១ គ្រងរាជ្យនៅទីក្រុងហរិហល័យ មិនយូប៉ុន្មានក៏លើករាជ្យធានីទៅយសោធបុរ ហើយកសាងប្រាសាទនៅលើភ្នំបាខែង ដើម្បីឧទ្ទិសថ្វាយចំពោះ លទ្ធិព្រហ្មញ្ញសាសនា និងចង់បង្ហាញពីមហិទ្ធិឫទ្ធិ របស់ព្រះអង្គជាស្តេចអទិទេពដ៏ខ្លាំង ដែលមានសមត្ថភាពក្នុងការកសាងសំណង់ធំៗលើសព្រះរាជាមុនៗ។ រាជាធានីយសោធបុរ(មហានគរ ឬ នគរធំ) ត្រូវបានព្រះមហាក្សត្រនៅសមួនគរគង់នៅរយះពេល៦សតវត្ស ព្រមទាំងកសាងប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ មានសេដ្ឋកិច្ច រីកចំរើនរុងរឿងដល់កំពូលនៅ តំបន់អាស៊ីអាគ្នេយ៍។ ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង ពុទ្ធចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាងរាជធានីអង្គរ ដែលកេរតំណែលទាំងនេះ បន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹកព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏ សំខាន់សំរាប់ យកទឹកប្រកបការងារកសិកម្ម។ ស្នាព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នទី១ ត្រូវបានគេស្រាវជ្រាវឃើញមាន៖
- ១- ប្រាសាទបាក់ខែង ស្ថិតនៅលើកំពូលភ្នំបាក់ខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គរវត្ត ឆ្ពោះទៅអង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយលទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតំកល់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា។ ប្រាសាទនេះមានកំពូលចំនួន១០៨ និងកំពស់៤៥ម៉ែត្រ តំណាងឲភ្នំព្រះសុមេរុមាន៧ជាន់ ខ្លះថាតំណាង ឲឋានសួគ៌ទាំង៧ជាន់របស់ព្រះឥន្រ្ទុ។ ប្រាសាទទាំងនេះទោះបីជារងនៅការបំផ្លិចបំផ្លាញ អស់មួយចំនួនធំក្តី ប៉ុន្តែដោយសារអតីតរាជធានីនេះអំណោយផលផ្នែកធម្មជាតិស្រស់បំព្រង ខ្យល់បរិសុទ្ធលាយឡំ នឹងសំឡេងសត្វយំ ហើយទីនោះខ្ពស់ស្រលះអាចមើលឃើញទិដ្ឋភាពនានាបាន ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន បាននាំគ្នាទៅទស្សនានៅទីនោះពេលថ្ងៃរៀបអស្តង្គត យ៉ាងច្រើនកុះករ។
- ២-ប្រាសាទលលៃ ស្ថិតនៅអតីតទីក្រុងហរិហល័យក្បែរប្រាសាទព្រះគោ និងប្រាសាទបាគងដែលកសាងក្នុងអំឡុងឆ្នាំ៨៩៣ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ និង ព្រះបិតារបស់ព្រះអង្គ កាលនោះប្រាសាទនោះ ស្ថិតនៅកណ្តាលបារាយណ៍ឥន្ទ្រតាដាក បច្ចុប្បន្នទីនេះក្លាយទីរមណីយដ្ឋានប្រវត្តិ សាស្រ្តជាទីចាប់អារម្មណ៍ របស់អ្នកទេសចរ។
- ៣-ប្រាសាទព្រះវិហារ ស្ថិតនៅភូមិជ្រុះ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះមានទំហំ៨០០ម៉ែត្រ គុណនឹង ៤០០ម៉ែត្រ កំពស់ ៦២៥ម៉ែត្រដើម្បីថ្វាយព្រះសិវះ ក្នុងលទ្ធិព្រហ្មញ្ញសាសនាហើយប្រាសាទនេះត្រូវបាន ប្រទេសកាន់កាប់នៅ សម័យអាណានិគមនិយមបារាំង។ ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាល និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប្រាសាទព្រះវិហារត្រូវបានតុលាការ អន្តរជាតិទីក្រុឡាអេ សំរេចប្រគល់ឲកម្ពុជា នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។ រមណីដ្ឋានប្រវត្តិ សាស្ត្រដ៏ល្បីល្បាញមួយនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរពីគ្រប់មជ្ឈដ្ឋាន នាំគ្នាទៅទស្សនា ព្រោះមានប្រពន្ធគមនាគមន៍ចេញចូលបង្កលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចំរុះជាតិសាសន៍។
តាមរយះស្នាព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នទី១ ដែលមានប្រាសាទថ្ម បារាយណ៍សោធរតដាក អាស្រមសំណាក់ធម៌ ទាំងផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា និងអតីតរាជធានីមហានគរ ដែលត្រូវបានព្រះរាជាជំនាន់ក្រោយៗគង់នៅរយះពេល៦សតវត្ស នោះធ្វើអោយប្រទេសជាតិ មានការរីកចំរើនរុងរឿងខ្លាំងទៀតផង។ កេរតំណែលរបស់ព្រះអង្គត្រូវបានសិក្សាស្រាវជ្រាវសន្និដ្ឋានថា ព្រះបាទយសោវរ្ម័នទី១ជាស្តេចមួយអង្គដែលមានប្រាជ្ញា ឈ្លាសវៃក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងមានស្នាព្រះហស្ថខ្លាំងពូកែក្នុងការធ្វើសឹកសង្គ្រាមមិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ៕
0 comments:
Post a Comment